ខេត្តកំពង់ចាម ៖ តាមការស្រាវជ្រាវបឋម លើអង្គហេតុ បន្ទាប់ជំនាញធ្វើការសម្ភាសន៍ ជនរងគ្រោះទាំង ២នាក់ និងផ្អែកតាមការពិនិត្យ នៅលើរថយន្ត គឺពុំមានបាត់បង់អ្វីនោះឡើយ ។ ករណីនេះ ជាករណីហិង្សា ដែលកើតឡើង រវាងភ្ញៀវជាអ្នកដំណើរ និងម្ចាស់តាក់ស៊ី ពុំមែនជាករណីប្លន់ទេ។ នេះបើតាម លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បញ្ជាក់ឲ្យដឹង នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ នេះ ។
លោកឧត្តមសេនីយ៍ទោ បានឲ្យដឹងទៀតថា ផ្អែកតាមការសាកសួរចម្លើយ ជនរងគ្រោះទាំង២រូប បានបញ្ជាក់ថា ពួកគាត់បានសន្យាគ្នា (អ្នកជិះ និងអ្នករត់តាក់ស៊ី) ក្នុងតម្លៃមួយ ដើម្បី ធ្វើដំណើរ មកដល់ខេត្តកំពង់ចាម ។ លុះពេលធ្វើដំណើរ មកដល់ចំណុចខាងលិចស្ពានស្ទឹងប្រយោល ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជនសង្ស័យ ក៏បានឲ្យជនរងគ្រោះ ជូនខ្លួន ទៅកាន់ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ វិញ ។ ប៉ុន្តែ អ្នករត់តាក់ស៊ីមិនយល់ព្រម ក៏កើតមានអំពើហឹង្សា នាពេលនេះ តែម្ដង ។
តាមរបាយការណ៍ កាលវេលាម៉ោង ១០៖១៨នាទីយប់ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចទទួលបានព័ត៌មាន ស្វែងរកជំនួយ ពីបុរសជាអ្នករត់តាក់ស៊ីម្នាក់ ថាជនសង្ស័យ បានធ្វើអំពើហិង្សាមកលើខ្លួន ដោយប្រើប្រាស់កាំបិតចុងស្រួច ចាក់ពីក្រោយបណ្ដាលឲ្យរងរបួស ។ ក្រោយទទួលព័ត៌មាន សមត្ថកិច្ចបានធ្វើការស្វែងរកនឹងប្រទះឃើញរថយន្តរបស់ជនរងគ្រោះម៉ាកព្រូស នៅចំណុចភូមិទួលពោន ឃុំមៀន ស្រុកព្រៃឈរ ។ រីឯជនរងគ្រោះ ត្រូវក្រុមគ្រួសារ យកទៅព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ចាម ។
តាមសាក្សី ជាសួរព្រូឡាន ដែលធ្វើដំណើរជាមួយគ្នា ប្រាប់ថា មូលហេតុ ដែលនាំឲ្យប៉ះទង្គិចពាក្យសម្ដី ដោយសារការតថ្លៃតម្លៃមិនត្រូវគ្នា ។ ដំបូងជនសង្ស័យ បាននិយាយឲ្យជនរងគ្រោះជូនខ្លួន ទៅដល់ខេត្តកំពង់ចាម ក្នុងតម្លៃ ១០$ លុះធ្វើដំណើរដល់ចំណុចស្ពានស្ទឹងប្រយោល ក្នុងស្រុកព្រៃឈរ ជនសង្ស័យបានឲ្យជនរងគ្រោះ ជូនទៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហើយក៏កើតការប៉ះសម្ដីគ្នា និងធ្វើសកម្មភាព ដកកូនកាំបិតចាក់តែម្ដង ។
មកដល់ពេលនេះ កម្លាំងសមត្ថកិច្ចបានធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕





Post a Comment