មណ្ឌលគិរី ៖ ដោយអនុវត្តអនុសាសនដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបទបញ្ជាដ៏ហ្មឺងម៉ាត់ពី លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀន ក្នុងទូទាំងខេត្ត។ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៧និង២២នាទី នៅស្ថិតនៅត្រង់ចំណុចដងផ្លូវលំ អូរអាធុយ ក្នុងភូមិកោះម្យើល ឃុំណងឃីលិក ស្រុកកោះញែក ដោយមានការសម្របសម្រួលពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី សមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងអធិការនគរបាលស្រុកកោះញែក ដឹកនាំលោកវរសេនីយ៍ទោ អេង ហាក់គ័ង អធិការនគរបាលស្រុក បានបង្រ្កាបចាប់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ ផល្លា ពេជារា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិកររស់នៅ ភូមិកែងសាន់ឃុំសមុទ្រសេដា ស្រុកលំផាត់ ខេត្តរតនគិរី បានធ្វើតេស្តក្នុងទឹកម៉ូត្ររកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+)។ វត្ថុតាងដែលកម្លាំងសមត្ថកិច្ចចាប់យករួមមាន៖ ១/ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ៩កញ្ចប់ ក្នុងនោះមាន៦កញ្ចប់តូច និង៣កញ្ចប់ធំល្មម ។ ២/អាវុធខ្លីកែច្នៃ ចំនួន១ដើម, ៣ /គ្រាប់រំសេវ ចំនួន៤គ្រាប់ ប្រភេទម៉ាកណឹម, ៤/ដាវចំនួន១ដើម, ៥/ទូរស័ព្ទដៃម៉ាក vivo ពណ៌ស្លែ ចំនួន ១គ្រឿង, ៦/ម៉ូតូឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ ២០១៥ ពាក់ស្លាកលេខស្វាយរៀង 1G.5673 ចំនួន ១គ្រឿង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះញែក កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕






Post a Comment